ម្កុដពេជ្រ “កន្ទេលធំបន្លំដេក” ជិះសេះលែងដៃ! ឈូសឆាយដីអនុតំបន់២ សំអាងលើឯកសារចាស់បាត់ខ្លួនជាង១០ឆ្នាំ!!!
ខេត្តរតនគិរី៖ ករណីដ៏គួរឱ្យភ្ញាក់ផ្អើលមួយ កំពុងកើតឡើងនៅស្រុកលំផាត់ ខណៈក្រុមហ៊ុនម្កុដពេជ្រ ត្រូវបានចោទប្រកាន់ថា កំពុងនាំគ្រឿងចក្រចូលឈូសឆាយ និងសំអាតដីព្រៃល្បះៗ ក្នុងតំបន់អនុតំបន់២ ដោយសំអាងលើឯកសារចាស់ជាង១០ឆ្នាំមុន ដែលសព្វថ្ងៃមិនអាចបង្ហាញបាន។
តាមការបញ្ជាក់ពីលោក សុី ម៉ន មេការធំក្រុមហ៊ុនម្កុដពេជ្រ ដែលមានទីតាំងនៅភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់ បានឱ្យដឹងតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ថា ក្រុមហ៊ុនកំពុងដំណើរការឈូសឆាយដី ដើម្បីរៀបចំដាំដំណាំស្វាយចន្ទី និងកៅស៊ូបន្ថែម ប្រមាណជាង៥ម៉ឺនកូន។
យ៉ាងណាក៏ដោយ ប្រភពដដែលបានទទួលស្គាល់ថា ការប្រើប្រាស់ដីនោះ សំអាងលើ “ដីចំការចាស់” ដែលធ្លាប់បានវាយតម្លៃដោយក្រុមជំនាញពីក្រសួងកសិកម្មកាលពីជាង១០ឆ្នាំមុន ប៉ុន្តែឯកសារសំខាន់ៗនោះ បច្ចុប្បន្ន “បាត់ខ្លួន” មិនដឹងស្ថិតនៅកន្លែងណា ដោយសារការផ្លាស់ប្តូរមេការ។
សកម្មភាពនេះ កំពុងបង្កឱ្យមានការសង្ស័យយ៉ាងខ្លាំងពីសាធារណជនថា តើក្រុមហ៊ុនម្កុដពេជ្រ កំពុងប្រើល្បិច “កន្ទេលធំបន្លំដេក” ដើម្បីគេចវេសពីច្បាប់ ឬយ៉ាងណា? ខណៈការចូលឈូសឆាយដីព្រៃ ដោយគ្មានឯកសារផ្លូវការច្បាស់លាស់ គឺជាបញ្ហាដែលគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង។
បន្ថែមពីនេះ មន្ត្រីជំនាញនៃមន្ទីរកសិកម្ម លោក ណា រុន បានបញ្ជាក់ថា សម្រាប់ដីរដ្ឋ ប្រសិនបើមិនបង់ពន្ធតាមកាតព្វកិច្ច នឹងត្រូវពិន័យប្រហែល ២% ក្នុងមួយឆ្នាំ ហើយរដ្ឋក៏មានការប្រកាសជាប្រចាំផងដែរ។
គួរឲ្យកត់សម្គាល់ថា ដីពាក់ព័ន្ធនឹងក្រុមហ៊ុនម្កុដពេជ្រ ខាងលើ ត្រូវបានរាយការណ៍ថា មិនបានបង់ពន្ធជូនរដ្ឋអស់រយៈពេលជាច្រើនឆ្នាំ ចាប់តាំងពីសម័យជំងឺកូវីដ-១៩ រហូតដល់ឆ្នាំ២០២១ ហើយបន្តផ្អាករហូតមកដល់បច្ចុប្បន្ន ដោយយកហេតុផលបញ្ហាវារីអគ្គិសនីសេសានក្រោម៣។
សកម្មភាពទាំងនេះ បានធ្វើឱ្យមហាជនចាប់អារម្មណ៍ និងស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធ ចូលមកពិនិត្យស្រាវជ្រាវឱ្យបានច្បាស់លាស់ ព្រោះបើមិនដូច្នោះទេ អាចនឹងក្លាយជាគំរូអាក្រក់ ក្នុងការប្រើប្រាស់ធនធានធម្មជាតិដោយគ្មានការគ្រប់គ្រងត្រឹមត្រូវ។
👉 មហាជនកំពុងរង់ចាំចម្លើយថា តើក្រុមហ៊ុនម្កុដពេជ្រ កំពុងអនុវត្តតាមច្បាប់ ឬក៏ “ជិះសេះលែងដៃ” លើដីរដ្ឋ?
