ផ្លូវបេតុងមួយខ្សែ នៅភូមិលៀក ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ
ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវបេតុងមួយខ្សែ នៅភូមិលៀក ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទាំងផ្លូវជីវភាព និងផ្លូវអារម្មណ៍ ដោយសារសកម្មភាពដឹកជញ្ជូនដីគ្មានការគ្រប់គ្រងត្រឹមត្រូវ។
តាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ បានឲ្យដឹងថា ក្នុងរដូវប្រាំង ផ្លូវហុយធូលីឡើងងងឹតមេឃ បង្កការលំបាកក្នុងការដកដង្ហើម និងប៉ះពាល់ដល់សុខភាព ខណៈនៅរដូវវស្សា ផ្លូវបែកភក់ជ្រាបទឹក ក្លាយជាអន្ទាក់គ្រោះថ្នាក់សម្រាប់អ្នកធ្វើដំណើរ។ បញ្ហានេះមិនមែនកើតឡើងបណ្ដោះអាសន្នទេ ប៉ុន្តែបន្តយូរមកហើយដោយគ្មានដំណោះស្រាយច្បាស់លាស់។
ប្រភពដដែលបន្តថា រាល់ថ្ងៃមានឡានរាប់រយគ្រឿង ជាពិសេសប្រភេទយីឌុប ធ្វើចរាចរណ៍ដឹកដីឆ្លងកាត់ផ្លូវនេះ ដោយគ្មានការកំណត់ទម្ងន់ ឬការគ្រប់គ្រងត្រឹមត្រូវ។ ផ្លូវបេតុងដែលធ្លាប់មានស្ថានភាពល្អ បច្ចុប្បន្នត្រូវបានបំផ្លាញខ្ទេចខ្ទី ស្ទើរតែមិនអាចប្រើប្រាស់បាន។ ដីដែលដឹកនោះ ត្រូវបានយកទៅចាក់នៅតំបន់ទួលពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងមួយចំនួនទៅតាមបណ្តោយផ្លូវជាតិលេខ២។
បញ្ហានេះកំពុងបង្កសំណួរយ៉ាងខ្លាំងចំពោះតួនាទី និងការទទួលខុសត្រូវរបស់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសក្រោមការដឹកនាំរបស់លោក អ៊ូច សៅវឿន ចៅហ្វាយស្រុកកណ្ដាលស្ទឹង និងលោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល។ ការខូចខាតផ្លូវសាធារណៈដល់កម្រិតនេះ មិនអាចកើតឡើងបានឡើយ ប្រសិនបើមានការត្រួតពិនិត្យ និងអនុវត្តច្បាប់យ៉ាងតឹងរឹង។
