កម្ពុជា ស្នើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បើកការស៊ើបអង្កេតលើការរំលោភច្បាប់អន្តរជាតិពីសំណាក់ប្រទេសថៃ
ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងកម្ពុជា ស្នើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បើកការស៊ើបអង្កេតលើការរំលោភច្បាប់អន្តរជាតិពីសំណាក់ប្រទេសថៃ ដោយផ្អែកលើមាត្រា ៣៤ និង ៣៥(១) នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងដោយគោរពលើសិទ្ធិអំណាចរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ក្រោមមាត្រា ៩៩, លោក កែវ ឈា តំណាងអចិន្ត្រៃយ៍របស់កម្ពុជា បានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ចាត់វិធានការ ៥ចំណុចដូចខាងក្រោម៖
១៖ ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការឈ្លានពានដោយកម្លាំងយោធាថៃដោយគ្មានការ ញុះញង់ជាមុន ប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា ដែលជាការរំលោភលើមាត្រា ២ (៤) នៃ ធម្មនុញ្ញ អង្គការសហប្រជាជាតិ និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។
២៖ ទាមទារឱ្យបញ្ឈប់ជាបន្ទាន់នូវការវាយប្រហារដោយយោធាថៃ រួមទាំងការបាញ់ផ្លោងដោយកាំភ្លើងធំ និងប្រតិបត្តិការយន្តហោះចម្បាំង ដែលរំលោភអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។
៣៖ ទាមទារឱ្យយោធាថៃបញ្ឈប់ជាបន្ទាន់នូវការឈ្លានពានដោយខុសច្បាប់លើកម្ពុជា បញ្ឈប់ការ ប៉ុនប៉ងវាយលុក ឬរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា តាមរយៈការប្រើ ប្រាស់ផែនទីដែលគូសដោយឯកតោភាគី ហើយត្រូវគោរពយ៉ាងពេញលេញនូវខ្សែបន្ទាត់ព្រំដែន ដែលទទួលស្គាល់ដោយអន្តរជាតិ និងលិខិតូបករណ៍នានាដែលមានកាតព្វកិច្ចផ្លូវច្បាប់។
៤៖ ទាមទារឱ្យភាគីថៃបញ្ឈប់រាល់ការរំលោភច្បាប់មនុស្សធម៌អន្តរជាតិ រួមទាំងការវាយប្រហារ លើតំបន់ស៊ីវិល និងគោលដៅស៊ីវិល ហើយត្រូវគោរពយ៉ាងពេញលេញនូវគោលការណ៍មនុស្ស ជាតិ ការញែកឱ្យដាច់ពីគ្នាលើគោលដៅវាយប្រហារ និងភាពសមាមាត្រគ្នា ព្រមទាំងគោរព យ៉ាងពេញលេញលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។
៥៖ «បញ្ជូនបេសកកម្មស្វែងរកការពិតជាឯករាជ្យរបស់អង្គការសហប្រជាជាតិ ដើម្បីបញ្ជាក់ពីការពិតនៅទីតាំងជាក់ស្តែង ស៊ើបអង្កេតលើការរំលោភច្បាប់អន្តរជាតិពីសំណាក់ប្រទេសថៃ និង កំណត់ការទទួលខុសត្រូវរបស់ថៃ ចំពោះការស្លាប់ និងរងរបួសរបស់ជនស៊ីវិល និងការបំផ្លិច បំផ្លាញទ្រព្យសម្បត្តិ»។
បន្ទាប់ពីបានអំពាវនាវជាបន្ទាន់ដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឱ្យចាត់វិធានការ យ៉ាងម៉ឺងម៉ាត់, លោក កែវ ឈា បានបញ្ជាក់ជាថ្មីថា «កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការ សន្ទនាដោយសន្តិវិធី វិធីសាស្ត្រការទូត និងការគោរពច្បាប់អន្តរជាតិ… និងការអនុវត្តកិច្ចព្រមព្រៀង ឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួឱ្យបានពេញលេញ»។
លោក បានសង្កត់ធ្ងន់ថា «ទោះជាយ៉ាងនេះក្តី កម្ពុជាមិនអាច ហើយក៏មិនគួរបន្តការអត់ធ្មត់ដោយគ្មានពេលកំណត់ឡើយ ចំពោះការឈ្លានពាន ឥតឈប់ឈរដោយខុសច្បាប់»៕