រាជធានីភ្នំពេញ : ក្រោយពីកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលផែនការងារនគរបាលចរាចរណ៍ បានបន្តចុះអនុវត្តការរឹតបន្តឹងច្បាប់ តាមរយៈការចាប់ឃាត់រាល់រថយន្តធុនធំទាំងឡាយ ដែលនៅតែបន្តល្មើសបើកបរចូលក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មុនម៉ោង៩យប់ យកមកធ្វើកិច្ចសន្យាអប់រំណែនាំ បានជាច្រើនគ្រឿងប៉ុន្មានថ្ងៃមកនេះ ក៏លេចធ្លាយថាមានម្ចាស់រថយន្តខ្លះបានអស់លុយអស់កាក់ក្នុងការយកឡានទៅវិញ ។
ទាក់ទិនបញ្ហានេះ នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលផែនការងារនគរបាលចរាចរណ៍ បានប្រាប់ព្រះនរាយណ៍ តាមរយៈប្រព័ន្ធតេឡេក្រាមមកថា ប្រសិនបើមានម្ចាស់ឡានណា ដែលបានបង់លុយទៅអោយមន្រ្តីសូមបង្ហាញភស្តុតាង និងមកជួបលោក ដើម្បីលោកដោះស្រាយ និងមានវិធានការចំពោះមន្រ្តីទាំងនោះ ។ លោកថា ប្រយ័ត្នចាញ់បោកជនស៊ីវិលដែលបន្លំយកលុយ ។
ដោយឡែកយោងតាមប្រភពដែលស្នើលាក់ឈ្មោះ បានទទួលស្គាល់ថា មានឡានខ្លះដដែលៗមែន តែឡានពួកគាត់ទឹមចូលមក.ហើយទើបចាប់ពួកគាត់នឹង គឺសូមខាងប៉ូលីសដោះស្រាយអោយបានលឿនព្រោះពួកគាត់ត្រូវការយកឡានទៅរកស៊ីវិញ ។ មួយវិញទៀត ប្រសិនបើមានការផាកពិន័យមែន សូមចេញវិក័យប័ត្រ អោយបានច្បាស់លាស់ផង ។
គួររំលឹកថា អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលផែនការងារនគរបាលចរាចរណ៍ បានបន្តចុះអនុវត្តការរឹតបន្តឹងច្បាប់ តាមរយៈការចាប់ឃាត់រាល់រថយន្តធុនធំទាំងឡាយ ដែលនៅតែបន្តល្មើសបើកបរចូលក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មុនម៉ោង៩យប់ យកមកធ្វើកិច្ចសន្យាអប់រំណែនាំ ។
ការអនុវត្តន៍របស់កម្លាំងសមត្ថកិច្ចនេះ គឺក្នុងគោលបំណងសំដៅធានាសុខសុវត្ថិភាពលើដងផ្លូវសាធារណៈ កាត់បន្ថយបញ្ហាកកស្ទះនិងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសធានាឲ្យបានសុខសុវត្ថិភាពអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ។
យោងតាម
សេចក្តីណនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពី ការកែសម្រួលការធ្វើចរាចររបស់រថយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ ចេញ-ចូលរាជធានីភ្នំពេញ
ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ជាក់ថា : កន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវគោលការណ៍ណែនាំជាបន្តបន្ទាប់ ដោយបានកំណត់តម្រាយផ្លូវ និងពេលវេលាធ្វើចរាចរសម្រាប់រថយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ ចេញ-ចូលក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីសំដៅធានា និងរក្សាបាននូវសណ្តាប់ធ្នាប់របៀប រៀបរយសាធារណៈកាត់បន្ថយនូវការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ ។
ផ្អែកតាមស្ថានភាពបច្ចុប្បន្ននេះ ចំនួនប្រជាពលរដ្ឋក៏ដូចជាបរិមាណយានយន្តក្នុងរាជធានី ភ្នំពេញមានការកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ ធ្វើឱ្យតំបន់មួយចំនួន និងតម្រាយផ្លូវនៅក្នុង ភូមិសាស្ត្រជាយរាជធានីភ្នំពេញដែលពីមុនមានសភាពស្ងប់ស្ងាត់ ចរាចរមិនសូវមមាញឹកក៏បាន ប្រែក្លាយទៅជាតំបន់មានប្រជាពលរដ្ឋរស់នៅច្រើនកុះករ ហើយការធ្វើដំណើរលើដងផ្លូវមាន ការកកស្ទះ និងកើតមាននូវគ្រោះថ្នាក់ចរាចរជាញឹកញាប់ ដែលភាគច្រើនបង្កឡើងដោយរថយន្ត ធុនធ្ងន់ ។
ដើម្បីដោះស្រាយបញ្ហាប្រឈមខាងលើ រដ្ឋបាលរាជធានីភ្នំពេញ ចាំបាច់ត្រូវធ្វើការកែ សម្រួលឡើងវិញនូវតម្រាយផ្លូវ ពេលវេលា និងប្រភេទរថយន្តដឹកជញ្ជូនធុនធ្ងន់ចេញ-ចូលក្នុង ភូមិសាស្ត្ររាជធានីភ្នំពេញ តាមការណែនាំដូចខាងក្រោម៖
១. រថយន្តដឹកជញ្ជូនធុនធ្ងន់ត្រូវបានកំណត់ជា ២ ប្រភេទគឺ៖
+ប្រភេទទី១៖ រថយន្តដឹកជញ្ជូនធុនធ្ងន់ដែលមានភ្លៅ២ (ពីរ) កម្រិតទម្ងន់សរុបអនុញ្ញាត អតិបរមារបស់រថយន្តកំណត់ត្រឹម ១៦ (ដប់ប្រាំមួយ)តោន អាចធ្វើចរាចរចេញ-ចូលរាជធានីភ្នំពេញ បាននៅពេលថ្ងៃ និងពេលយប់ ប៉ុន្តែត្រូវគោរពពេលម៉ោង តម្រាយផ្លូវ និងភូមិសាស្ត្រ ៥ខណ្ឌដែល រដ្ឋបាលរាជធានីភ្នំពេញបានកំណត់ដូច មានចែងលម្អិតក្នុងឧបសម្ព័ន្ធ“ក” ។
+ប្រភេទទី២: រថយន្តដឹកជញ្ជូនធុនធ្ងន់ដែលមានភ្លៅ៣ (បី) ឡើងទៅ កម្រិតទម្ងន់សរុប អនុញ្ញាតអតិបរមារបស់រថយន្តកំណត់ចាប់ពី២១ (ម្ភៃមួយ)តោន ឡើងទៅ អនុញ្ញាតឱ្យធ្វើចរាចរបាន
ពេលថ្ងៃ និងពេលយប់នៅលើផ្លូវក្រវាត់ក្រុងទី៣ និងអាចធ្វើចរាចរចេញ-ចូលរាជធានីភ្នំពេញនៅ ពេលយប់ចាប់ពីម៉ោង ០៩:០០ នាទីយប់ រហូតដល់ ម៉ោង ០៥:០០ នាទីព្រឹក ប៉ុន្តែហាមធ្វើចរាចរ ទាំងថ្ងៃ និងយប់ក្នុងភូមិសាស្ត្រ ៥ខណ្ឌ គឺខណ្ឌដូនពេញ ៧មករា ចំការមន បឹងកេងកង និងទួលគោក ព្រមទាំងផ្លូវ និងស្ពានមួយចំនួនទៀត ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដូចមានចែងលម្អិតក្នុង ឧបសម្ព័ន្ធ ខ“។
២. ដោយឡែកចំពោះរថយន្តដឹកជញ្ជូនផ្គត់ផ្គង់ការដ្ឋានសំណង់ និងការដ្ឋានជួសជុលស្ថាបនា ផ្លូវ លូ រួមមាន រថយន្តដឹកខ្សាច់ ដី ថ្ម និងបេតុង រដ្ឋបាលរាជធានីភ្នំពេញនឹងផ្ដល់លិខិតអនុញ្ញាតជា អាទិភាពដោយឡែក ដោយមានការកំណត់ពេលវេលា និងតម្រាយផ្លូវឆ្ពោះទៅកាន់ការដ្ឋាននីមួយៗ ដែលម្ចាស់យានយន្តបានស្នើសុំមករដ្ឋបាលរាជធានីភ្នំពេញ ។
៣. សម្រាប់រថយន្តក្រុងដឹកអ្នកដំណើរ (Bus) គ្រប់ប្រភេទ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការ ណែនាំអំពីម៉ោងពេល និងតម្រាយផ្លូវក្នុងរាជធានីភ្នំពេញដោយឡែក។
៤. ចំពោះរថយន្តដែលត្រូវធ្វើចរាច់រចូល និងឆ្លងកាត់រាជធានីភ្នំពេញ ហើយស្ថិតនៅក្នុងម៉ោង ហាមឃាត់ត្រូវចូលសំចតរង់ចាំនៅទីតាំងសមស្របណាមួយ ឬចំណតជាយរាជធានីភ្នំពេញដល មានស្រាប់ស្ថិតនៅគ្រប់ច្រកចេញ-ចូលផ្លូវជាតិទាំង ៦ (ផ្លូវជាតិលេខ១, លេខ២, លេខ៣, លេខ៤, លេខ៥ និងលេខ៦) និងហាមដាច់ខាតការឈប់សំចតរង់ចាំនៅតាមដងផ្លូវ ។
៥.ក្នុងករណីមិនអនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំនេះ រថយន្តនឹងទទួលរងនូវការ
ឃាត់ទុកដោយគ្មានកាលកំណត់ ដើម្បីអប់រំណែនាំម្ចាស់រថយន្តអំពីការធ្វើចរាចរដឹកជញ្ជូនក្នុង រាជធានីភ្នំពេញ ៕
