រាជធានីភ្នំពេញ ៖ មិនក្រោម២ឆ្នាំនោះទេ ដែលក្រុមពពួកជាប្រភេទល្បែងអនទ្បាញ Scam Online ដុះស្លែដ៏ធំមួយកន្លែង «មានភ្នាល់បៀ បាល់ ឡូតូ ឆ្នោត និងល្បែងស៊ីសងគ្រប់ប្រភេទ»ស្ថិតនៅទល់មុខផ្នូរខ្មោចវៀតណាម សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងអាគារ៣ល្វែង ដាក់ស្លាកថា (កាហ្វេចឹង) គឺ បានបើកលេងយ៉ាងពពាក់ពពូន ក្រោមការយាមកាម២៤ម៉ោង លើ២៤ម៉ោង ។ ប្រភពបានបញ្ជាក់ថា ៖ នៅទីនោះមានមួយកន្លែងទៀតដែល ធំដូចគ្នា តែអ្នកប្លែកមុខសន្តិសុខមិនអោយចូលនោះទេ ។
ប្រភពពីអ្នកលេងបានបន្ថែមថា ទីតាំងខាងលើនេះជារបស់ជនជាតិចិនបើកដំណើរការលេងនូវល្បែងស៊ីសងខុសច្បាប់លួចលាក់បើកទទួលភ្ញៀវចូលលេង ទាំងយប់ទាំងថ្ងៃ ដោយពុំខ្វល់ខ្វាយពីអ្វីទាំងអស់ និងពុំទាន់ឃើញអាជ្ញាធរ ឬសមត្ថកិច្ចណាចុះស៊ើបអង្កេត ឈានដល់ផ្អាកដំណើរការជាស្ថាពរនោះទេ គឺប្រហែលមានត្រឹមតែកិច្ចសន្យាព្រមានអោយឈប់តែប៉ុណ្ណោះតាមមើល ។
ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានស្នើសុំដល់លោក សក់ ច័ន្ទកញ្ញារិទ្ឋ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងលោក ម៉ន វុទ្ធី អធិការខណ្ឌពោធិ៍សែនជ័យ មេត្តាពិនិត្យអោយបានជាក់លាក់ និងឈានដល់បង្ក្រាបចាប់មេការ ចាប់ខ្លោងមកផ្តន្ទាទោសតាមផ្លូវច្បាប់ ដើម្បីរក្សាសុខសុវត្ថិភាព និងបញ្ជៀសការរិះគន់ថា ជាឆ្នាំងបាយរបស់មន្រ្តីខិលខូចមួយចំនួន ដែលធ្វើអោយខូចកិត្តិយសដល់មន្រ្តីល្អៗ ដែលគេស្អាតស្អំនិងខិតខំប្រឹងធ្វើការជូនរាជរដ្ឋាភិបាល ។
ពាក់ព័ន្ធបញ្ហានេះ ក្រុមការងារបានទំនាក់ទំនងតាមទូរសព្ទ លេខ 088-637 7777 របស់លោកសក់ ច័ន្ទកញ្ញារិទ្ឋ គឺលោកមិនលើក និងតេឡេក្រាមមិនចូលមើលកាលពី3ថ្ងៃមុនរហូតដល់ថ្ងៃទី7 ខែកុម្ភៈ ឆ្នាំ2026 នេះ ។ ដោយឡែក លោក ម៉ន វុទ្ធី អធិការខណ្ឌពោធិ៍សែនជ័យ ក៏ដូច្នេះដែរ មិនដឹងថាលោក អភិបាល និងលោកអធិការ ជាប់រវល់ទៅក្រៅប្រទេសឬក៏យ៉ាងណានោះទេ ។
គួររំលឹកថា ៖កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន-ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ខេត្ត/ក្រុង/រាជធានី,បង្ក្រាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទនិងកន្លែងចែកចាយនូវប្រភេទថ្នាំដែលមានសារធាតុញៀនខុសច្បាប់គ្រប់ប្រភេទនៅទូទាំងប្រទេសដោយគ្មានការលើកលែង។និងពិសេសក្នុងសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦កន្លងមកនេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសង្កត់ធ្ងន់ពីភាពចាំបាច់នៃការបង្ក្រាបឱ្យបានម៉ឺងម៉ាត់ រាល់បទល្មើសប្រឈមក្នុងសង្គម រួមមាន បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបទល្មើសចរាចរណ៍ គ្រឿងញៀន ក្មេងទំនើង និងអំពើជួញដូរមនុស្សជាដើម។
សម្តេចធិបតីបានគូសបញ្ជាក់ទៀតថា «យើងត្រូវតែរួមគ្នាប្តេជ្ញាចិត្តសម្អាតផ្ទះយើង ដោយបណ្ដេញរាល់អំពើអាក្រក់ចេញពីប្រទេសឱ្យអស់ ដើម្បីនាំមកវិញនូវអ្វីដែលល្អៗសម្រាប់ជាតិ និងប្រជាជនយើង»។
សម្តេចធិបតីបានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួម និងគាំទ្របេសកកម្មនេះ និងបានព្រមានអនុវត្តមរតក អភិក្រមវះកាត់ ដោយគ្មានការលើកលែង ចំពោះមន្ត្រីដែលជាប់ពាក់ព័ន្ធបទល្មើសក្នុងសង្គម ជាពិសេសបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៕
