ខេត្តកណ្ដាល : ទីតាំងអាកាស៊ីណូ ជាយ អេមិន ស្ដូប ស្ថិតនៅក្នុងឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល កំពុងក្លាយជាចំណុចក្តៅនៃអំពើល្មើសសង្គម បន្ទាប់ពីមានសេចក្ដីរាយការណ៍ជាបន្តបន្ទាប់ថា ល្បែងស៊ីសង និងល្បែងអនឡាញគ្រប់ប្រភេទ ត្រូវបានបើកដំណើរការយ៉ាងគំហុក ទាំងថ្ងៃទាំងយប់ ទោះត្រឹមកំរិតលោក អាំ ធូ អធិការនគរបាលស្រុកលើកដែក
ក៏មិនអាចដឹងថា ទីនោះមានច្បាប់ ឬអត់ច្បាប់នោះដែរ ។
ប្រភពបានឲ្យដឹងថា ទីតាំងខាងលើ មិនត្រឹមតែជាល្បែងស៊ីសងផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមជ្ឈមណ្ឌល ល្បែងអនឡាញ ដូចជា ហ្គេមបាញ់ត្រីតាមប្រព័ន្ធឌីជីថល បៀរការ៉ាត់អនឡាញ ប្រណាំងសេះ ប្រណាំងមាន់ និងល្បែងជាច្រើនប្រភេទផ្សេងទៀត ដែលភ្ជាប់ជាមួយប្រព័ន្ធប្រាក់អេឡិចត្រូនិក ងាយស្រួលលេង ងាយស្រួលចាញ់ និងពិបាកគ្រប់គ្រង។
ប្រជាពលរដ្ឋបន្តថា មានអ្នកលេងទាំងជនជាតិខ្មែរ ចិន និងវៀតណាម ចូលរួមលេងយ៉ាងអាណាធិបតេយ្យ ដោយមានការអះអាងថា មនុស្សម្នាក់ៗអាចចាញ់ប្រាក់ចាប់ពីរាប់ម៉ឺនដុល្លារ ដែលនាំឲ្យកើតមានបញ្ហាបំណុល បែកបាក់គ្រួសារ អំពើហិង្សា និងអំពើឧក្រិដ្ឋកម្មផ្សេងៗ បន្តគ្នាជាច្រវាក់ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសីលធម៌សង្គម។
អ្វីដែលធ្វើឲ្យសង្គមកាន់តែព្រួយបារម្ភនោះ គឺនៅពេលដែល រាជរដ្ឋាភិបាលកំពុងរឹតបន្តឹង និងបង្ក្រាបល្បែងអនឡាញយ៉ាងតឹងរ៉ឹង ទូទាំងប្រទេស ប៉ុន្តែទីតាំងមួយនេះហាក់បីដូចជា ដំណើរការយ៉ាងស្ងប់ស្ងាត់ ស្ទើរតែដូចជា “តំបន់អសកម្មនៃច្បាប់”។
គួររំលឹកថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាដាច់ខាត កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ឲ្យលុបបំបាត់ ល្បែងស៊ីសង និងល្បែងអនឡាញគ្រប់ប្រភេទ ទូទាំងប្រទេស ប៉ុន្តែករណីនៅឃុំក្អមសំណរ ស្រុកលើកដែក មួយនេះ ហាក់មិនទាន់ឆ្លុះបញ្ចាំងតាមគោលនយោបាយខាងលើនៅឡើយទេ។
ទោះជាយ៉ាងណា? មហាជននៅតែរង់ចាំការចុះពិនិត្យ និង វិធានការច្បាស់លាស់ពីស្ថាប័នពាក់ព័ន្ធ ដើម្បីឲ្យ ច្បាប់មានអធិបតេយ្យភាពពិតប្រាកដ មិនមែនមានតម្លៃត្រឹមលើក្រដាសនោះទេ៕ រាយការណ៍ ដោយលោក លាប់ ចាន់ ពីស្រុកលើកដែក.
