ខេត្តព្រៃវែង៖ ប្រជាពលរដ្ឋរស់នៅភូមិ ក្នុង ឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង បានរាយការណ៍ថា ដីមេទឹកស្នាចរមាស និងដីមេទឹកអូសាទែន រួមទាំងតំបន់ព្រៃលិចទឹកដែលធ្លាប់ជាជម្រកសត្វស្លាប និងជីវៈចម្រុះ កំពុងរងការបំផ្លិចបំផ្លាញដោយសកម្មភាពគ្រឿងចក្រ២វង់ សម្រុកជីកយកអាចម៍ដីលក់ជាប្រយោជន៍ផ្ទាល់ខ្លួន។
តាមប្រភពពលរដ្ឋបានឲ្យដឹងថា សកម្មភាពជីកកកាយនេះ បានបន្តអស់រយៈពេលជាង៣ឆ្នាំមកហើយ ដោយមិនឃើញមានវិធានការទប់ស្កាត់ច្បាស់លាស់ពីសមត្ថកិច្ចពាក់ព័ន្ធ។ ដីសាធារណៈដែលធ្លាប់មានសោភ័ណ្ឌភាព និងសម្បូរបែបដោយធនធានធម្មជាតិ បច្ចុប្បន្នបានប្រែក្លាយទៅជារណ្តៅធំៗ បង្កផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះក្នុងតំបន់។
ប្រភពដដែលបញ្ជាក់ថា ថៅកែគ្រឿងចក្រទាំងពីរ មានឈ្មោះ សុ ភី ស្រីអូន និង អឿន ចន្ធី មានទីលំនៅក្នុងស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ ពួកគេបានប្រើប្រាស់រថយន្តប្រភេទបែន៥តោនជិត១០គ្រឿង សម្រាប់ដឹកជញ្ជូនអាចម៍ដីចេញពីទីតាំងខាងលើ។ ការដឹកជញ្ជូនមួយចំនួន មិនបានគ្របស្បៃមុងតាមបច្ចេកទេស បណ្តាលឲ្យអាចម៍ដីជ្រុះរប៉ាត់រប៉ាយលើផ្លូវបេតុង បង្កធូលីហុយចូលផ្ទះប្រជាពលរដ្ឋ និងសំឡេងរំខានជារៀងរាល់ថ្ងៃ។
ពលរដ្ឋមួយចំនួនបានបង្ហាញការព្រួយបារម្ភថា ការឈូសឆាយ និងឈូសឆាយព្រៃលិចទឹក ដើម្បីពង្រីកទីធ្លាជីកដីលក់ បង្កការខូចខាតធនធានធម្មជាតិ និងអាចប៉ះពាល់ដល់ការរស់នៅរបស់ពួកគេក្នុងរយៈពេលវែង។ ជាមួយគ្នានេះ ពលរដ្ឋបានសង្ស័យថា អាចមានបុគ្គលមានឥទ្ធិពលមួយចំនួននៅពីក្រោយ ទើបអាចអនុញ្ញាតឲ្យសកម្មភាពនេះបន្តបានយូរដោយគ្មានការទប់ស្កាត់។
ប្រជាពលរដ្ឋសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ជាពិសេស
លោក វ៉ា ធីម អភិបាលស្រុកពោធិ៍រៀង
ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង សូមមេត្តាដាក់បញ្ជូនមន្ត្រីជំនាញចុះពិនិត្យជាក់ស្តែង និងចាត់វិធានការតាមច្បាប់ ដើម្បីបញ្ឈប់សកម្មភាពជីកយកដីសាធារណៈលក់ដោយខុសច្បាប់នេះ ព្រមទាំងស្តារស្ថានភាពបរិស្ថានឲ្យត្រឡប់មកដូចដើមវិញ។
ពលរដ្ឋបញ្ជាក់ថា ពួកគេមិនមានបំណងប្រឆាំងនឹងអាជីវកម្មស្របច្បាប់ឡើយ ប៉ុន្តែសូមឲ្យមានការគោរពច្បាប់ បង់សួយសារអាករចូលរដ្ឋ និងអនុវត្តតាមបច្ចេកទេសបរិស្ថាន ដើម្បីជៀសវាងការបាត់បង់ចំណូលជាតិ និងការខូចខាតធនធានធម្មជាតិជាសម្បត្តិសាធារណៈ។
ជុំវិញករណីនេះ អ្នកសារព័ត៌មានយើងខ្ញុំមិនទាន់អាចសុំការបកស្រាយពីភាគីពាក់ព័ន្ធបាននៅឡើយ ដោយសារមិនមានលេខទូរស័ព្ទទំនាក់ទំនង។ សារព័ត៌មានយើងខ្ញុំនឹងរង់ចាំការបំភ្លឺបន្ថែមពីភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយជូនសាធារណជនឲ្យបានច្បាស់លាស់ ៕
