មន្រ្តីនិងពលរដ្ឋស្នើដល់ឯកឧត្តម គួច ចំរើន ពិនិត្យឡើងវិញករណីផ្តល់តួនាទីដល់
លោក ភក្តី វិទូ អតីតអធិការរងស្រុកស្អាង
ដែលមានទោសរឿង វ៉ៃប្រជាពលរដ្ឋម្នាក់ស្លាប់ កាលពីឆ្នាំ2016 និងត្រូវបានក្រសួងលុបឈ្មោះចេញពីក្របខណ្ឌហើយ ឥឡូវបែរមានតួនាទីជាសមាជិកក្រុមប្រឹក្សាស្រុកស្អាង ទៅវិញ
ខេត្តកណ្តាល : យោងតាមមន្រ្តី និងប្រជាពលរដ្ឋស្រុកស្អាង បានប្រាប់ អ្នកព័ត៌មាន កាលពីថ្ងៃទី10 ខែមិនា ឆ្នាំ2026 មកថា .ពួកគាត់ហាក់មានភាពស្រឡាំងកាំង ខណៈបានទទួលដំណឹងថា លោក ភក្តី វិទូ អតីតអធិការរងស្រុកស្អាង
ដែល ធ្លាប់មានរឿង វ៉ៃប្រជាពលរដ្ឋម្នាក់ស្លាប់ និងរបួស កាលពីឆ្នាំ2016 ហើយនិងក្រសួងមហាផ្ទៃបានសំរេចលុបឈ្មោះចេញក្របខណ្ឌមន្រ្តីនគរបាល តែឥឡូវបែរជាត្រូវថ្នាក់លើតែងតាំងជា សមាជិកក្រុមប្រឹក្សាស្រុកស្អាង ដែលហាក់ មើលរំលងលើពួកគាត់ ដោយសារអំពើអ្វីមួយ ។
សូមរម្លឹកថា កាលពីថ្ងៃទី 21.ខែតុលា.ឆ្នាំ2016 លោក
ចំរើនសីហា អាយុ26 បានស្លាប់នៅមន្ទីរពេទ្យក្រុងតាខ្មៅ និងបុរសម្នាក់ឈ្មោះ ទិត្យ លាប អាយុ22ឆ្នាំ បានរងរបួសធ្ងន់បន្ទាប់ពី ពួកគាត់ត្រូវបានប៉ូលីសស្រុកស្អាង3នាក់ ព្រួតគ្នាវាយដំ ក្រោយពីមានជំលោះជិះម៉ូតូប្រជែងគ្នា ហើយត្រូវបាននគរបាលចោទថា ជាចោរប្លន់។
អតីតប៉ូលីសទាំង3 រួមមាន :
ទី១- អតីតអនុសេនីយ៍ទោ ភក្តី វិទូ អធិការរងនគរបាលស្រុកស្អាង ទី២- អតីតអនុសេនីយ៍ទោ ឆៃ ស៊ីណា នាយផ្នែកអន្តោប្រវេសន៍ស្រុកស្អាង និងទី៣- អតីតអនុសេនីយ៍ត្រី ឃាង សុងថេង នាយរងផ្នែកពិនិត្យ និងវិភាគកន្លែងកើតហេតុ ស្រុកស្អាង ។
ទោះជាយ៉ាងណាពូកគេមិនត្រូវចាប់យកមកផ្តន្ទាទោសនោះឡើយ ។ ក្រោយមកពួកគេចេញមុខមកដោះស្រាយ ជាមួយជនរងគ្រោះដោយផ្តល់សំណងដល់រងគ្រោះចំនួន២ម៉ឺនដុល្លា ជាថ្នូរទៅនឹងការបញ្ចប់រឿង ។
បន្ទាប់ពីផ្ទុះរឿងបានប្រមាណជិត1ឆ្មាំ ពោលគឺ
នៅថ្ងៃ18 ខែមករា ឆ្នាំ2017 កន្លងទៅអតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចស ខេង ក៏បានសំរេចបណ្តេញអ្នកទាំង3 ចេញពីក្របខណ្ឌមន្រ្តីនគរបាល ដោយមូលហេតុបោះបង់ការងារចោល ។
រយៈពេល10ឆ្នាំមកនេះ អ្នកដែលមានវាសនា ត្រូវបានថ្នាក់លើតែងតាំងឡើងវិញ គឺមានលោក ភក្តី វិទូ ម្នាក់ប៉ុណ្ណោះ ។ ការតែងតាំងនេះត្រូវបានក្រុមមន្រ្តីតូចៗខ្សឹបខ្សៀវគ្នាថា អាចមានភាពមិនប្រក្រតីណាមួយ ឬមួយថ្នាក់លើមិនបានពិនិត្យប្រវត្តិរូបអោយបានច្បាស់លាស់ថាតើ កាលពី10ឆ្នាំមុន មានរឿងអ្វីខ្លះចំពោះ លោកភក្តី វិទូ ។
ប្រភពពលរដ្ឋថា លោក ភក្តី វិទូ មានគ្រួសារជាអ្នកមានទ្រព្យគួរសម ទើបគេអាចតោងឡើងបែបនេះ បានទៅដោយរំលងអ្នកចាស់ៗ ដែលខំបំរើការងារយូរឆ្នុកហើយ ៕
